ពូសន្តិសុខយាមផ្ទះខ្ញុំ! សាររំជួល​ចិត្តរបស់ប្អូនស្រីម្នាក់ធ្វើឲ្យអ្នកប្រើប្រាស់ Facebook រឹតតែយល់ពីជីវិតពិត​នៃអ្នកដែលយាមផ្ទះឲ្យគេ











ពូសន្តិសុខយាមផ្ទះខ្ញុំ! សាររំជួល​ចិត្តរបស់ប្អូនស្រីម្នាក់ធ្វើឲ្យអ្នកប្រើប្រាស់ Facebook រឹតតែយល់ពីជីវិតពិត​នៃអ្នកដែលយាមផ្ទះឲ្យគេ


នាពេលថ្មីៗនេះ នៅក្នុង Status របស់ប្អូនស្រីម្នាក់ឈ្មោះ Nika បានសរសេររៀបរាប់ពីពូសន្តិសុខដែលយាមផ្ទះរបស់គាត់ ដែលធ្វើអោយអ្នកលេង Facebook ជាច្រើនមានការំជួលចិត្តស្ទើរស្រក់ទឹកភ្នែក ហើយមានការ Share រាប់ពាន់អ្នកផងដែរ។ តោះទៅអានទាំងអស់គ្នា តើវាមានអត្ថន័យដូចម្តេចខ្លះ?
កាលពីមុន ខ្ញុំអត់ចូលចិត្តពូសន្តិសុខចាំផ្ទះដែលខ្ញុំជួលនៅទេ។ គេហៅគាត់ពូស្វិតព្រោះតែរាងតៃរវ៉ៃ ខ្យល់បក់ប៊ើងតាមខ្យល់របស់គាត់ហ្នឹងឯង។

ខ្ញុំទើបរើចូលនៅផ្ទះនេះបានប្រហែលមួយខែតែប៉ុណ្ណោះ តែភាគច្រើនដែលចំណាំមើល តែងតែឃើញគាត់លួចគេងជាប្រចាំ ក្នុងចិត្តគិតថាគាត់ខ្ជិល ធ្វើការខ្ជីខ្ជារណាស់ បានជាពេលយាមគាត់គេងអញ្ចឹង គិតថាបើគេផ្លោះរបងចូលយកអីវ៉ាន់បែបគាត់មិនដឹងទេមើលទៅ។ តែក៏មិនដែលនឹកឃើញទូលពិតម្ចាស់ផ្ទះអីដែរព្រោះនឹកឃើញបែបគេអាងមានកាមេរ៉ាហើយមើលទៅ ។


ថ្ងៃមួយចេញពីមើលកុន ជិះម៉ូតូហាលភ្លៀងទាំងយប់មកផ្ទះ រងារឡើងញាក់ មកដល់ឃើញគាត់អង្គុយអោបដៃអោយក្រវៀន ម្ចាស់ផ្ទះគេអោយកៅអីឈើគាត់ពីរ គាត់ដាក់ក្បែរគ្នានៅកន្លែងគាត់អង្គុយជាប្រចាំ ហើយគាត់ទាញផើងផ្កាតូចមួយមកបាំងខ្យល់ ឯសំយ៉ាបនោះក៏ខ្លី ភ្លៀងក៏សាច។ សម្រាប់ខ្ញុំរងារប៉ុណ្នឹងតែអាចចូលផ្ទះ ដូរខោអាវ មានគ្រែគេង មានភួយដណ្តប់យ៉ាងស្រួល។ តែគាត់វិញត្រូវនៅធ្វើការយាមហាលភ្លៀងបន្ត។ អាណិតគាត់ពេកក៏យកកន្សែងនិងអាវភ្លៀងអោយគាត់ ប្រាប់គាត់ថាទុកដណ្តប់ក្រែងពូរងា ចាំស្អែកដាក់លើម៉ូតូសងខ្ញុំទៅ។ បានតែប៉ុណ្នឹងគាត់សប្បាយចិត្តណាស់ តាំងពីថ្ងៃហ្នុងមក ម៉ូតូខ្ញុំមិនដែលត្រូវថ្ងៃទេ គាត់សារ៉េអោយចូលម្លប់រហូត ថ្ងៃខ្លះវិញបើគាត់បាញ់លាងមុខផ្ទះគាត់អូសម៉ូតូទៅលាងអោយឡើងស្អាតទៀត។

កាលពី១អាទិត្យមុនគេចូលឆ្នាំខ្មែរ ម្នាក់ៗនាំគ្នាសប្បាយបានឈប់បានដើរលេង តែខ្ញុំនៅតែឃើញគាត់យាមនៅផ្ទះ ខ្ញុំក៏សួរគាត់ថាពូអត់ឈប់ទៅលេងស្រុកទេអី? គាត់ថាគេអត់អោយឈប់ទេ គេថាដាក់ច្បាប់ថ្ងៃផ្សេងបាន តែខ្ញុំបែបអត់សុំគេឈប់ទេ កុំអោយគេកាត់លុយ។ លឺសូរចឹងនឹកដល់ខ្លួនឯង អត់ទៅលេងផ្ទះដែរតែមិនមែនដោយសារមូលហេតុដូចគាត់ ដោយសារតែខ្ជិលធ្វើដំណើរពេលមនុស្សច្រើនកកកុញ ឯគាត់វិញដោយសារគេមិនអោយឈប់ហើយដោយសារលុយ អត់ស្គាល់បុណ្យទាន ស្គាល់ស្រុក ស្គាល់ផ្ទះជួបជុំគ្រួសារនឹងគេ គិតយូរៗទៅថ្លឹងថ្លែងជីវិតហើយបានតែដកដង្ហើមធំ ចាក់ស្មុកអស់ម៉ាល្ងាច ដល់យប់ចេញទៅទិញអីញាំក៏ទិញមីស៊ុបជូនគាត់មួយថង់។ តាំងពីហ្នឹងមកអោយតែយប់ឡើងគាត់អូសម៉ូតូខ្ញុំចូលគន្លៀតជញ្ជាំង គាត់ថាខ្លាចអេតចាយបេះម៉ូតូ ឯព្រឹកថ្ងៃហ្នុងខំដើររកម៉ូតូចង់ងាប់ ពូអើយយកម៉ូតូខ្ញុំទៅលេងបិទពួន 😂


ថ្ងៃនេះខ្ញុំអត់សប្បាយចិត្តនៅកន្លែងធ្វើការ ម៉ួម៉ៅធុញថប់ គិតថាធ្វើការសុីប្រាក់ខែគេមិនមែនស្រួលទេ ចាំតែមើលទឹកមុខគេ ធ្វើខុសក៏មើលទឹកមុខគេ ត្រូវក៏នៅតែមើលទឹកមុខគេ គិតថាពេលណាបានមិនចាំបាច់ធ្វើការអោយគេ គិតថាពេលណាបានមិនបាច់ធ្វើការរកសុីអីក៏នៅតែមានលុយចូលស្រួលៗសោយសុខ ដល់ពេលហ្នឹងដេកនៅផ្ទះកម្ចឹលអាំងផេះយ៉ាងស្រួលខ្លួនតែម្តងចាំមើល។ ចាក់ស្មុកអស់ចិត្តពេលចេញពីធ្វើការ ក៏បបួលពួកម៉ាកទៅមើលកុនញាំអី ហើយរអ៊ូអោយពួកម៉ាកស្តាប់អស់ចិត្តក៏យាត្រាមកផ្ទះវិញ ពេលមកដល់ឃើញគាត់អង្គុយមុខស្ងួត ក៏សួរគាត់លេងៗ ពូហូបបាយឬនៅ? គាត់ឆ្លើយមកវិញទាំងញញឹមអៀនៗថា មីអូនអើយ ខ្ញុំយាមអោយគេពីរវេន គ្រាន់តែចេញពីនោះមករត់មកនេះ ដែលស្គាល់បាយអីពីកាល់ បានត្រឹមតែមីរាល់ថ្ងៃ។


លឺសូរគាត់និយាយអញ្ចឹងក៏ដើរចូលបន្ទប់ដាំបាយ ហើយកម្តៅម្ហូបក្នុងទូរទឹកកក ចៀនត្រី ហើយដួសជូនគាត់ហូប ពូអើយថ្ងៃនេះម៉ោង ១០យប់ហើយទើបពូបានបាយក្តៅ សម្លរក្តៅ ចុះថ្ងៃធម្មតាអត់ខ្ញុំពូឯងបានអីហូប? ចឹងបានស្គមយ៉ាងហ្នឹងពូ 😣
ពេលយកបាយជូនគាត់ គាត់អរកខិបកខុប អរគុណទទួលចានដៃ២ដៃ៣ ពេលគាត់យកចានសងវិញ គាត់ញញឹមអៀនហើយគាត់ថាអរគុណមីអូន អរគុណមែន អរគុណធំៗ 😢 ត្រឹមបាយមួយចានគាត់សប្បាយចិត្តយ៉ាងនេះ


សរុបសេចក្តីមក ដើម្បីកុំអោយគេថាគ្រាន់តែបាយម៉ាចានបូបាច់វែងអន្លាយ៖
1. មនុស្សកើតមកមានសម្ពាយបុណ្យ មានវាសនា មានសំណាង មានឱកាសខុសៗគ្នា កុំមើលងាយអ្នកដែលអត់ជាង គាត់មិនមែនចង់កើតមកក្រ ល្ងង់ អាក្រក់អីចឹងដែរ បើរើសបានងាយងាយ អ្នកណាក៏រើសកើតមកជាកូនសេដ្ធីដែរ

2. កុំអោយតម្លៃទៅលើតែភាពហុឺរហាសម្ភារៈនិយម កុំរាប់អានតែអ្នកមាន កុំយកសង្សារព្រោះតែគេកូនអ្នកមានហុឺរហាជិះរ៉េងរូវើរ កុំងើយមើលតែខ្ពោះរាប់អានតែអ្នកមាន អ្នកដែលអត់ពេលខ្លះចិត្តគាត់ស្មោះសអត់មានពុតត្បុតដូចអ្នកមានខ្លះ ពីមុនល្អ ពីក្រោយរលួយដូចល្វាអញ្ចឹង។ បើរាប់អានគួររាប់អានមិត្តពិត ដែលនៅជាមួួយគ្នាទាំងសប្បាយ ទាំងទុក្ខ ទាំងអាសន្ន។


3. កុំមើលងាយនៅអ្វីដែលខ្លួនមាន យើងមើលទៅលើឃើញគេល្អហើយមិនពេញចិត្ត មិនអោយតម្លៃនូវអ្វីដែលខ្លួនមាន តែពេលខ្លះក្នុងជីវិតគួរតែយើងឱនមើលក្រោមខ្លះ វានឹងអោយយើងយល់អត្ថន័យជីវិត

4. ជីវិតអ្នកណាក៏មានការលំបាកដែរ លំបាករៀងៗខ្លួនទៅតាមកាលៈទេសៈនិងជីវភាពរស់នៅ ត្រូវចេះតស៊ូ ផ្តល់កម្លាំងចិត្តខ្លួនឯងដើរទៅមុខទៀត


5. ចំណុចចុងក្រោយ តែសំខាន់ជាងគេ គឺត្រូវចេះផ្តល់ឱកាសអោយអ្នកដ៏ទៃ ។ អ្នកដែលជា Business Owner, Company Owner, Employers in general ដែលមានលិទ្ធភាព គួរអោយប្រាក់ខែបុគ្គលិកអោយសមរម្យ (at least minimum living expense). គិតមើលទៅគាត់ធ្វើសន្តិសុខមួយខែបាន ១២០$ ឯយើងវិញចូលសុីអីនៅហាងម៉ាតិចក៏អស់បាត់ហើយប៉ុណ្ណឹង តែគាត់ 120$ ត្រូវគិតថ្លៃបន្ទប់ជួល បាយ ទឹក ម្ហូប លុយផ្ញើរទៅផ្ទះ ចុះបើឈឺជាអីគិតយ៉ាងមិច? កុំទម្លាប់អាងអីដេញចោលចាប់ជួលថ្មី ខ្មែរច្រើនណាស់ទៅធ្វើពលករស្រុកគេ ដោយសារតែនៅខ្មែរប្រាក់ខែតិច។ មានការងារច្រើនណាស់ដែលប្រាក់ខែនៅត្រឹម 60$ អ្នកលក់តាមម៉ាត អ្នករត់តុខ្លះបាន 80$ អ្នកធ្វើការតាមអូតែលខ្លះបាន 100$ ហើយបើគិតយូរៗទៅ បើយើងប្រាក់ខែប៉ុណ្នឹងរស់ដែរអស់មើលទៅ?


យកល្អ គួរតែជួយបណ្តុះបណ្តាល ចំណេះដឹងបន្តែមអោយគាត់ ឈប់ទៅអារបៀបគិតថា បើចេះពេកនរណាររត់ម៉ូតូឌុប បើចេះពេកនរណារធ្វើកម្មករ? គួរគិតបែបនេះវិញ បើពូម៉ូតូឌុបនិងពូតុកតុកទាំងឡាយមានចំណេះដឹង ប្រហែលមិនមានតុកតុកជិះរញ៉េរញ៉ៃបុកគារឡានថ្លៃៗរបស់អ្នកទេ។

ជឿខ្ញុំទៅ បើបគ្គលិករបស់អ្នក គាត់រីកចម្រើន មុខរបររកសុីរបស់អ្នកក៏រីកចម្រើនដែរ។ បើអ្នកស្រលាញ់ថែរក្សាបគ្គលិករបស់អ្នក គាត់ក៏ស្រលាញ់ថែរក្សា មុខរបររកសុី នឹងភ្ញៀវរបស់អ្នកដែរ។ បើអ្នកជួយគាត់អោយមានលិទ្ធភាពគ្រប់គាន់ក្នុងការរស់នៅ គាត់នឹងធ្វើការអោយអ្នកល្អជាងមុន ដោយសារគាត់មិនចាំបាច់ត្រូវធ្វើការ២ ៣ ដើម្បីផ្គត់ផ្គង់ ហើយគាត់ក៏មានពេលវេលាសម្រាប់គ្រប់គ្រាន់ សុខភាពផ្លូវកាយផ្លូវចិត្តល្ធមាំមួនអាចធ្វើការអោយអ្នកបានល្អជាងមុនដែរ។ ពេលនោះនឹងគ្មានពូសន្តិសុខគេងពេលយាមយប់ដូចពូស្វិតយាមផ្ទះខ្ញុំទេ។


ខ្មែរយើងត្រូវចេះជួយគ្នាទៅ កុំចង់មានបានអីលោភលន់តែឯងពេក ស្លាប់ទៅមិនយកលុយទៅតាមទេ ពេលមកក៏ទទេរ ពេលទៅវិញក៏ទទេរ ទុកលុយគុយទាវម៉ាព្រឹករបស់អ្នក ជួយបណ្តុះបណ្តាលមនុស្ស ជួយផ្តល់ឱកាស ជួយអភិវឌ្ឍន៍សង្គម ចាប់ផ្តើមពីយើងរៀងៗខ្លួន។ បើខ្មែរមិនអោយតម្លៃ មិនអោយឱកាសខ្មែរគ្នាយើង សួរថាចាំអាប៉ាកាច់ណាវាមកជួយយើង?

សរុបសេចក្តីមក នេះជាការគិតក្មេងខ្ចីចាក់ស្មុករបស់ខ្ញុំ បើខុសត្រូវអីកុំប្រកាន់ 🙏🏻

ប្រភព៖ https://www.facebook.com/monikamaniko?fref=n
បញ្ជាក់៖ 30/08/2017
អត្ថបទសារខាងលើខ្ញុំថតចំលងពីhttp://cambpos.blogspot.com/2017/08/facebook.html មិនមែនបំណងយកធ្វើជារបស់ខ្លួនទេ គឺបន្ទាប់ពីបានអានហើយឃើញថាវាល្អក៏យកមកដាក់ក្នុងBloggerខ្ញុំទៅដើម្បីជាសារតតគ្នាទៅអ្នកគ្រប់គ្នាពីព្រោះអីជីវិតរបស់ខ្ញុំក៏ធ្លាប់ធ្វើជាសន្តិសុខម្នាក់ដែរតែមិនសូវមេានសំណាងដូចពូស្វិតខាងលើទេ។ 

Comments