មនោមយិទ្ធិជាការគ្រប់គ្រងអំណាចដួងចិត្ដ

លោកអ្នកប្រាកដជាតែងតែគិតប្រាថ្នាចង់ឱ្យខ្លួនលោកអ្នកក្លាយជាមនុស្សម្នាក់ដ៏មានឥទ្ធិពល
មានអំណាចលើមនុស្សដែលនៅជុំវិញខ្លួន
និងប្រាថ្នាចង់ធ្វើអ្វីមួយប្រកបដោយសេចក្ដីសម្រេចជោគជ័យ។
ទន្ទឹមនឹងនេះលោកអ្នកមួយចំនួនប្រហែលជាធ្លាប់គិត
ហើយថាគ្រប់យ៉ាងដែលទទួលបានផលនិងសម្រេចនោះកើតឡើងពីការតាំងចិត្ដ
កម្លាំងចិត្ដ ឬដោយកម្លាំងពលកម្មខ្លួនឯងនោះឡើយ ។
មនោមយិទ្ធិជាវិធីបែបផ្លូវចិត្ដខាងសាសនា ដែលលោកអ្នកស្ទើរតែមិនធ្លាប់ជួប
មិនធ្លាប់ឮតាំងពីដើមមកសោះ ហើយក៏កាន់តែមិនធ្លាប់ស្គាល់ថា
តើមនោមយិទ្ធិនោះជាអ្វី? ប្រើដើម្បីអ្វីនោះឡើយ?
រូបភាពទស្សនាវដ្ដីសុខភាពយើង
មានចម្ងល់ត្រូវតែស្វែងរកដំណោះស្រាយ
ស្រាវជ្រាវរកចម្លើយ និងបកស្រាយបំភ្លឺ ហើយដែលពេលនេះទស្សនាវដ្ដី សុខភាពយើង
សូមនាំអារម្មណ៍របស់លោកអ្នកអានឱ្យមកធ្វើការស្វែងយល់អំពីមនោមយិទ្ធិ។\
មនោមយិទ្ធិ ជាអ្វី?
មនោមយិទ្ធិ(មៈ-នោ-មៈ-យិត-ធិ)
មានន័យប្រហាក់ប្រហែលជាមួយនឹងពាក្យជាភាសាអង់គ្លេសថា វីលផាវវើ (Will Power)។
ពាក្យថាមនោមយិទ្ធិនេះ ជាវាក្យស័ព្ទខាងព្រះពុទ្ធសាសនាមានន័យថា
ឫទ្ធិដែលសម្រេចដោយចិត្ដ។ ប៉ុន្ដែក្នុងការបកប្រែពីពាក្យ វីលផាវវើ
ជាភាសាអង់គ្លេសវិញ គឺសំដៅដល់អំណាចដែលធ្វើឱ្យអ្វីៗសម្រេចផល
និងដែលកើតឡើងពីកម្លាំងចិត្ដរបស់មនុស្សម្នាក់ៗ។
មនោមយិទ្ធិកើតមាននៅកន្លែងណា?
តាមការពិតទៅមនោមយិទ្ធិ
គឺជាអ្វីដែលមាននៅក្នុងខ្លួនមនុស្សយើងគ្រប់ៗគ្នា ពោលគឺកម្លាំងចិត្ដ
កម្លាំងប្រាថ្នា កម្លាំងអធិដ្ឋាន កម្លាំងតាំងចិត្ដដ៏ជាក់លាក់ ឬជាកម្លាំងនៃកិលេសតណ្ហា
ដែលជាគ្រឿងភ្ញោចឱ្យលោកអ្នកមានសកម្មភាពផ្សេងៗរៀងខ្លួន
និងនាំឆ្ពោះទៅកាន់គោលបំណងរបស់លោកអ្នក។
ទាំងនេះសុទ្ធសឹងជាមនោមយិទ្ធិវិជ្ជមាន(មនោមយិទ្ធិផ្នែកដែលល្អ)
ឬមនោមយិទ្ធិអវិជ្ជមាន (មនោមយិទ្ធិផ្នែកមិនល្អ ឬផ្នែកអាក្រក់)។ មនុស្សដែលមានមនោមយិទ្ធិច្រើនរមែងមានការប្រាថ្នាអ្វីយ៉ាងខ្លាំងក្លា
រហូតសុខចិត្ដ ប្ដូរជីវិត ដើម្បីសម្រេចគោលបំណងរបស់ខ្លួន។
ចំណែកលោកអ្នកដែលមិនមានមនោមយិទ្ធិតែងតែមានអារម្មណ៍រារែកនឹងធ្វើអ្វីមួយ
ដែលជាហេតុធ្វើឱ្យមិនសូវបានផលសម្រេច ឬធ្វើបានតែពាក់កណ្ដាលទីក៏បោះបង់ចោល។
ហេតុអ្វីត្រូវសាងមនោមយិទ្ធិ?
ការដែលមនុស្សយើងមានវណ្ណៈ
ឬជីវភាពរស់នៅ តំណែងក្នុងសង្គមខុសប្លែកពីគ្នា ក្រៅពីកើតឡើងដោយសារចំណេះដឹង
និងសមត្ថភាព វាក៏មានផលប៉ះពាល់ដែលបណ្ដាលមកពីមនោមយិទ្ធិផងដែរ។
ប៉ុន្ដែគ្រាន់តែថាមនុស្សភាគច្រើនមិនយល់
ហើយបែរជាគិតថាវាកើតឡើងតាមអំណាចព្រេងវាសនា ឬរាសីទៅវិញ។
អ្វីដែលសំខាន់បំផុតនោះ គឺកម្លាំងតណ្ហាដែលផុសចេញពីជម្រៅនៃដួងចិត្ដ
ឬមនោមយិទ្ធិនេះឯងដែលសម្ដែងនូវភាពអស្ចារ្យគួរស្ញប់ស្ញែង
គឺវាអាចជំរុញមនុស្សដែលមានឋានៈទាបឱ្យឈានឆ្ពោះទៅកាន់ឋានៈមួយដែលខ្ពង់ខ្ពស់បាន។
មនោមយិទ្ធិអាចមានប្រយោជន៍អ្វីខ្លះ?
ចិត្ដមនុស្សយើងមានអំណាចអស្ចារ្យណាស់
បើហ្វឹកហាត់ក្នុងផ្លូវណា ច្រើនតែកើតបានជាផលក្នុងផ្លូវនោះវិញ។
មនុស្សដែលបណ្ដោយចិត្ដគំនិតឱ្យអណ្ដែតអណ្ដូងរវើរវាយញយៗដង
លទ្ធផលដែលទទួលបានគឺមួយជីវិតរបស់ពួកគេនឹងមិនទទួលបានប្រយោជន៍ជាធំដុំ
ជាដុំកំភួននោះទេ។
ប៉ុន្ដែចំណែកឯមនុស្សដែលមានការតាំងចិត្ដយ៉ាងមុតមាំជាក់លាក់
ពួកគេរមែងធ្វើការអ្វីៗបានសម្រេច និងទទួលបានផលគួរជាទីមោទនៈ
និងគួរឱ្យអស្ចារ្យណាស់។ ការហាត់កសាងអំណាចចិត្ដ ឬមនោមយិទ្ធិឱ្យក្លាយទៅជាទម្លាប់
គឺជាអ្វីដែលមានគុណតម្លៃបំផុត ហើយសំខាន់ជាងការហ្វឹកហាត់ចំណេះដឹង
ឬក៏ការហ្វឹកហាត់ផ្សេងៗទៀត។
ពីព្រោះផលសម្រេចគ្រប់យ៉ាងសុទ្ធតែមានមនោមយិទ្ធិជាគ្រឹះ ជាមូលដ្ឋាន។
អ្នកដែលមានមនោមយិទ្ធិ គឺជាមនុស្សដែលមានប្រៀបលើអ្នកដទៃ។
មធ្យោបាយហ្វឹកហាត់មនោមយិទ្ធិ
ការធ្វើអ្វីមួយឱ្យបានសម្រេច
និងទទួលផលជាវិជ្ជមាននោះ ជាចាំបាច់ត្រូវមានគោលការណ៍ច្បាស់លាស់
ហើយក៏ត្រូវទាមទារនូវមធ្យោបាយជាក់លាក់ដែរ។
·
ហ្វឹកហាត់ប្រាថ្នានូវអ្វីដែលខ្លួនបានប៉ាន់ស្មានថាអាចនឹងធ្វើទៅបានដោយកម្លាំងថ្វីដៃរបស់ខ្លួនឯងផ្ទាល់
ហើយតាំងចិត្ដ យ៉ាងជាក់លាក់ក្នុងការធ្វើកិច្ចការនោះឱ្យបានសម្រេច។
ហាត់ធ្វើញយៗដោយជ្រើសរើសយកពីងាយទៅមុន ដូចជាការដើរដោយជើង នៅលើថ្នល់
សម្លឹងមើលផ្លាកសញ្ញាខាងមុខហើយតាំងចិត្ដទៅឱ្យដល់ផ្លាកសញ្ញានោះ។
ការធ្វើដូចនេះមើលទៅហាក់ដូចជាងាយស្រួលណាស់
ប៉ុន្ដែអាចជួយក្នុងការហ្វឹកហាត់ចិត្ដឱ្យស៊ាំនឹងផលសម្រេច
ហើយបើកាលណាស៊ាំញយៗកម្លាំងនឹងកើនច្រើនឡើង។
·
គិតប៉ងធ្វើអ្វីមួយត្រូវធ្វើឱ្យបាន
ពោលគឺត្រូវតាំងចិត្ដធ្វើឱ្យបានសម្រេច ទោះបីជាមានឧបសគ្គច្រើនប៉ុណ្ណាក្ដី
និងទោះបីជាត្រូវធ្វើរហូតទៅដល់រាប់ពាន់ដង ច្រើនខែឆ្នាំ
ក៏នៅតែព្យាយាមធ្វើឱ្យទាល់តែបានជោគជ័យ។
·
មិនត្រូវយកកិច្ចការមកធ្វើម្ដងច្រើនមុខព្រមៗគ្នានោះទេ
តែត្រូវជ្រើសរើសកិច្ចការណាមួយមកធ្វើជាមុន និងធ្វើទៅតាមលំដាប់លំដោយ
សំខាន់ព្យាយាមធ្វើដោយប្រកាន់ខ្ជាប់នូវការសមាធិ និងអត់ធ្មត់។
·
ត្រូវសង្ឃឹម និងជឿជាក់លើខ្លួនឯង ពឹងខ្លួនឯង
និងជួយខ្លួនឯងគ្រប់ពេលវេលា។
បណ្ដាំផ្ញើ
ការព្យាយាមជាប្រការការមួយដែលលោកអ្នកគួរតែអនុវត្ដ
ឯការតាំងចិត្ដឱ្យល្អក៏ជាសីលធម៌មួយដ៏ប្រពៃក្នុងការរស់នៅជាមនុស្សដែរ។ ការព្យាយាមយកឈ្នះលើចិត្ដអ្នកដទៃមិនមែនជារឿងដែលធ្វើទៅក្នុងរយៈពេលខ្លីមួយឬពីរថ្ងៃបាននោះទេ
វាទាមទារនូវការព្យាយាម និងអត់ធ្មត់។
ការព្យាយាមឱ្យមានប្រៀបលើអ្នកដទៃទៀតសោត ក៏មិនមែនជាការព្យាយាមដោយខុស
ឬការតាំងចិត្ដឱ្យមានមនោមយិទ្ធិអវិជ្ជមាន ឬផ្នែកអាក្រក់នោះឡើយ។
សូមលោកអ្នកតាំងចិត្ដឱ្យជ្រះថ្លា ប្រមើលមើលនូវអំពើល្អ
ទើបជាជោគជ័យក្នុងជីវិត។
HealthCambodia.com សូមរក្សាតាមម្ចាស់ដើម
Comments
Post a Comment